ត្រឹមតែជាងមួយខែកន្លះប៉ុណ្ណោះ មេរោគប្រភេទ Omicron នៅកម្ពុជាបានឆ្លងដល់មនុស្ស 386 នាក់នៅក្នុងសហគមន៍។
ការឆ្លងសហគមន៍ដំបូងត្រូវបានរាយការណ៍នៅថ្ងៃទី14 ខែធ្នូ ឆ្នាំ 2021 ហើយចាប់តាំងពីពេលនោះមកបានកើនឡើងជាលំដាប់ដល់ចំនួន 386ករណី គិតត្រឹមថ្ងៃអាទិត្យទី 30 ខែមករា។ ចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ 846 ករណីដែលក្នុងនោះ ក្រៅពី 386 ករណីផ្សេងទៀតត្រូវបាននាំចូល ភាគច្រើនតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងតាមព្រំដែនថៃ។ កាលពីថ្ងៃអាទិត្យ ករណីវីរុសបំលែង Omicron ចំនួន 57 ករណី ត្រូវបានរកឃើញ ហើយត្រូវបានប្រកាសដោយក្រសួងសុខាភិបាល ដែលក្នុងនោះមាន ១៣ករណី ត្រូវបាននាំចូល ខណៈករណីដែលនៅសេសសល់គឺជាការឆ្លងសហគមន៍ ដែលជានិន្នាការគួរឱ្យព្រួយបារម្ភ និងកំពុងវិវត្ត។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក ហុក គីមចេង បានប្រាប់ថា កត្តាដែលគួរឱ្យព្រួយបារម្ភនៅពេលនេះ គឺការរកឃើញនៃប្រភេទរង(Sub-variant)ថ្មី BA.2 នៃរីរុស Omicron ដែលឆ្លងកាន់តែច្រើន។ ប្រភេទរង(Sub-variant)ថ្មី BA.2 នៃរីរុស Omicron ដែលត្រូវបានគេដាក់ឈ្មោះថា “Stealth Omicron” ហាក់ដូចជាមានវត្តមាននៅក្នុងប្រទេសចំនួន 40 និងបានឆ្លងរីកដុះដាលនៅចក្រភពអង់គ្លេស ស៊ុយអែត ឥណ្ឌា និង សហរដ្ឋអាមេរិក នៅប្រទេសដាណឺម៉ាក វាបានក្លាយជាវីរុសបំលែងដ៏លេចធ្លោ។ លោក គីមចេង បាននិយាយថា ករណីទាំងបួននៃ sub-variant ទាំងអស់ត្រូវបាននាំចូលតាមរយៈអ្នកដំណើរតាមផ្លូវអាកាសដែលបានរកឃើញក្នុងរយៈពេលពីរថ្ងៃមុន ខណៈដែលកម្ពុចាបានកត់ត្រាការកើនឡើងនៃការឆ្លងមេរោគ Omicron ចាប់តាំងពីវាត្រូវបានរកឃើញនៅក្នុងប្រទេសកាលពីថ្ងៃទី ១៤ ខែធ្នូ។
ដោយសារល្បឿននៃការឆ្លងវីរុសបំលែងនេះលឿនជាវីរុសបំលែងរង Omicron ផ្សេងទៀត វាបានបង្កឱ្យមានការភ័យខ្លាចថា នឹងមានមេរោគឆ្លងកាន់តែច្រើនកំពុងរីករាលដាលយ៉ាងសកម្មក្នុងសហគមន៍។ Omicron ដែលត្រូវបានគេហៅថា B.1.1.529 មានសារធាតុសំខាន់ៗចំនួនបីគឺ BA.1, BA.2, និង BA.3 នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO)។ រហូតមកដល់ពេលនេះ វាគឺជា BA.1 ដែលកំពុងរីករាលដាល ដោយ WHO បានប៉ាន់ប្រមាណថាករណីឆ្លងភាគច្រើននៃវីរុសOmicron គឺបណ្តាលមកពី BA.1 ទាំងអស់។ ទោះយ៉ាងណាក៏ដោយនៅកន្លែងខ្លះ BA.2 បានចាប់ផ្តើមរីករាលដាលលឿនជាងមុន។
ប្រភេទដើមរបស់វីរុសបំលែង Omicron មានហ្សែនជាក់លាក់ដែលអនុញ្ញាតឱ្យមន្ត្រីសុខាភិបាលអាចវិភាគរកពីភាពខុសគ្នាពីវីរុសបំលែងDelta ដោយប្រើការធ្វើតេស្ត PCR ជាក់លាក់មួយ ដែលហៅថា “ការបរាជ័យនៃគោលដៅហ្សែន S (S genes target failure) ។ ប៉ុន្តែ BA.2 មិនមានហ្សែនដូចគ្នាទេ។អ្នកដែលមាន BA.2 នឹងនៅតែមានតេស្តវិជ្ជមាននៃការឆ្លងវីរុសកូរ៉ូណា ដោយប្រើតេស្ត PCR ប៉ុន្តែករណីរបស់ពួកគេនឹងមិនត្រូវបានកំណត់ថាជា BA.2 ទេ លុះត្រាតែគំរូដើមរបស់ពួកគេត្រូវបានវិភាគ(Genetic sequencing)។
អង្គការសុខភាពពិភពលោកបាននិយាយថា “កុំមានការយល់ថា stealth Omicron អាចលាក់ខ្លួនបាន និងមិនអាចរកឃើញវាបានទេ។ រាល់ការធ្វើតេស្ត PCR របស់យើងនៅតែអាចរកឃើញវាបាន៕
ប្រភព៖ ខ្មែរថាមស៍